ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានធ្វើការតែងតាំងលោក Nicolas Hollanders ជានាយកប្រតិបត្តិថ្មី។ លោកទទួលស្នងតំណែងបន្តពីលោក Guillaume Perdon ដែលកាន់តំណែងនេះតាំងពីការបើកសម្ពោធធនាគារដំបូងនៅឆ្នាំ ២០១៧ មកម្ល៉េះ។
លោក Hollanders មានពិសោធន៍ការងារជាមួយធនាគារ BRED Group អស់រយៈពេលជាង ១៨ ឆ្នាំមកហើយ ដោយលោកចាប់ផ្ដើមតាំងពីងារជាបុគ្គលិកធនាគារ រហូតឡើងមុខតំណែងជាបន្តបន្ទាប់ទូទាំងសាខានានា និងតំណែងគ្រប់គ្រងផ្សេងៗនៅក្នុងធនាគារ។
គាត់ចំណាយពេលប្រាំឆ្នាំជានាយកប្រចាំតំបន់ ទទួលមើលការខុសត្រូវដំណើរការធនាគារ នៅប្រជុំកោះ Guadeloupe។ ថ្មីៗនេះ គាត់កាន់តួនាទីជាអគ្គនាយករងអន្តរជាតិនៅក្នុងធនាគារ ដោយមានទទួលរៀបចំចាត់ចែងបណ្ដាញនៃបុត្រសម្ព័ន្ធធនាគារ។
លោក Hollanders មានបទពិសោធន៍ច្រើនជាមួយក្រុមការងារថ្មី ដោយសារគាត់បានកាន់តំណែងជាអធិបតីជាមួយធនាគារ ប្រេដ ប៊ែង (ខេមបូឌា) តាំងពីឆ្នាំទៅ។
លោក Hollanders បានលើកឡើងថា៖ “ខ្ញុំសប្បាយរីករាយជាក្រៃលែងជាមួយតំណែងថ្មីជានាយកប្រតិបត្តិរបស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា)។ វាជាឱកាសដ៏ល្អ អស្ចារ្យសម្រាប់ខ្ញុំផ្ទាល់ ក៏ដូចជាគ្រួសាររបស់ខ្ញុំ ដែលបានមករស់នៅក្នុងប្រទេស ដែលកំពុងមានការអភវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ។”
គាត់ក៏បានបន្ថែមដែរថា៖ “ កម្ពុជាគឺជាប្រទេស ដែលពោរពេញទៅដោយសក្ដានុពលខ្ពស់ ហើយខ្ញុំមានក្ដីរំភើបឥតឧបមា ដែលធនាគារយើងជាបេះដូងនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារយើងនឹងនាំមកនូវស្តង់ដារខ្ពស់បំផុតសម្រាប់អតិថិជនទាំងអស់របស់យើង ទាំងផ្នែកអាជីវកម្ម និងផ្នែកបុគ្គល។ ខ្ញុំទទួលគ្រប់គ្រងបន្ទាប់នូវក្រុមការងារ ដែលពោរពេញទៅដោយទេពកោសល្យប៉ិនប្រសប់ ព្រមទាំងផែនការរីកចម្រើនយ៉ាងច្បាស់លាស់រួចជាស្រេច ដែលនេះអាចជម្រុញធនាគារយើងឲ្យមានភាពរឹងមាំនាពេលអនាគត។”
នាយកប្រតិបត្តិដែលនឹងចេញពីតំណែង លោក Guillaume Perdon នឹងធ្វើការណែនាំអ្នកស្នងតំណែងរបស់គាត់ ទៅកាន់អតិថិជន រួមទាំងសមាជិកក្រុមការងារនៃធនាគារនៅកម្ពុជា ក្នុងខណៈកិច្ចប្រគល់ជូន រយៈពេលពីរសប្ដាហ៍នៃខែកញ្ញានេះ។
លោក Perdon ដែលនឹងត្រលប់ទៅទីក្រុង ប៉ារីស វិញដើម្បីកាន់តួនាទីតួនាទីថ្នាក់អន្តរជាតិថ្មីជាមួយធនាគារ BRED Group បានលើកឡើងថា៖ “ខ្ញុំពិតជាគិតថាគ្មាននរណាម្នាក់ ដែលសមនឹងទទួលតំណែងជានាយកប្រតិបត្តិក្រៅពីគាត់ទេ។ Nicolas ជាបុគ្គលិកធនាគារដ៏ឆ្នើមម្នាក់ ដែលពោរពេញទៅដោយបទពិសោធន៍ និងទេពកោសល្យខ្ពស់សម្រាប់ដឹកនាំធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ឲ្យកាន់តែប្រសើរជាងមុន។ ខ្ញុំពិតជាមានសំណាងដែលបានធ្វើការជាមួយក្រុមការងារដ៏អស្ចារ្យនៅកម្ពុជា ហើយខ្ញុំជឿថាធនាគារយើងនឹងបន្តរីកចម្រើនទៅមុខជាមិនខាន។ ខ្ញុំទន្ទឹងរង់ចាំពេលដែលខ្ញុំអាចមកលេងកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ ក្រោយពីឡើងកាន់តួនាទីថ្មីនៅធនាគារ BRED Group។”