យើងខ្ញុំមិនត្រឹមតែផ្តល់សេវាធនាគារប៉ុណ្ណោះទេ យើងខ្ញុំផ្តោតលើការទទួលបានទំនុកចិត្តពីអតិថិជនផងដែរ។ ការប្តេជ្ញាចិត្តលើយុទ្ធនាការ B‑Secure របស់យើងខ្ញុំ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តវិធានការសុវត្ថិភាពសំខាន់ៗ និងផ្តល់ដំបូន្មានឆ្លាតវៃ ដើម្បីការពារសកម្មភាពលើប្រព័ន្ធអ៊ីនធើណិតដែលគំរាមកំហែងដល់សន្តិសុខសាយប័រ។
យុទ្ធនាការ B‑Secure បានបង្ហាញថាធនាគារ ប្រេដ នឹងរក្សាគោលការណ៍ណែនាំ ឬផ្ដល់អនុសាសន៍មូលដ្ឋាន ដើម្បីធានាថាអតិថិជនរបស់យើងខ្ញុំមានសុវត្ថិភាព ក្នុងករណីមានការវាយប្រហារលើផ្នែកសន្តិសុខសាយប័រ។
វិធីងាយៗដើម្បីការពារប្រាក់របស់អ្នកពីជនឆបោក។

សូមប្រុងប្រយ័ត្ន
សូមប្រយ័ត្នចំពោះសារ និងអ៊ីម៉ែលក្លែងក្លាយ
ជនឆបោកអាចផ្ញើសារ SMS សារ Telegramឬអ៊ីមែលដែលមើលទៅមានភាពបន្ទាន់។ពួកគេអាចនិយាយថាគណនីរបស់អ្នកនឹងត្រូវបានបិទព័ត៌មានរបស់អ្នកត្រូវតែធ្វើបច្ចុប្បន្នភាព ឬអ្នកត្រូវចុចលើតំណភ្ជាប់ដើម្បីបញ្ជាក់ប្រតិបត្តិការ។
សារទាំងនេះបង្កើតឡើងដើម្បីធ្វើឲ្យអ្នកភ័យស្លន់ស្លោ និងធ្វើសកម្មភាពភ្លាមៗដោយមិនបានពិនិត្យមើល។
របៀបការពារខ្លួន៖
សូមកុំចុចលើតំណភ្ជាប់នៅក្នុងសារ ឬអ៊ីម៉ែលដែលមិនមានការរំពឹងទុក អំពីគណនីរបស់អ្នក។
សូមប្រើតែកម្មវិធី BRED Connect ផ្លូវការ ឬអាសយដ្ឋានគេហទំព័ររបស់ធនាគារ ប្រេដ ខេមបូឌា ដោយផ្ទាល់។
ប្រសិនបើសារមើលទៅគួរឲ្យសង្ស័យ សូមលុបសារនោះ ហើយទាក់ទងធនាគារ ប្រេដ ខេមបូឌា តាមរយៈទំនាក់ទំនងដែលផ្លូវការប៉ុណ្ណោះ។

សូមប្រុងប្រយ័ត្ន
សូមកុំទុកចិត្តលើការខលខុសប្រក្រតី
ជនឆបោកខ្លះអាចខលមក ហើយបន្លំខ្លួនធ្វើជាអ្នកផ្តល់សេវាហិរញ្ញវត្ថុរបស់អ្នក។ ពួកគេអាចនិយាយថា គណនីរបស់អ្នក “នឹងត្រូវបានបង្កក” ហើយព្យាយាមជំរុញឲ្យអ្នកធ្វើតាមពួកគេឲ្យលឿន។
សូមចងចាំថា បុគ្គលិកយើងខ្ញុំមិនដែលស្នើសុំលេខ PIN ពាក្យសម្ងាត់ ឬ លេខសម្ងាត់សម្រាប់ចូលប្រើម្ដង (OTP) ដែលផ្ញើតាមទូរសព្ទ ឬអ៊ីម៉ែលសម្រាប់បញ្ជាក់ការចូល ឬប្រតិបត្តិការណាមួយឡើយ។
របៀបការពារខ្លួន៖
ប្រសិនបើអ្នកខលស្នើសុំព័ត៌មានទាំងនេះ សូមចុចបិទខលជាបន្ទាន់។
សូមហៅទូរសព្ទទៅកាន់ធនាគារ ប្រេដ ខេមបូឌា តាមរយៈលេខផ្លូវការដែលបានបោះពុម្ពលើកាតរបស់អ្នក ឬបង្ហាញនៅលើគេហទំព័ររបស់យើងខ្ញុំ។
សូមរក្សាទុកលេខទំនាក់ទំនងផ្លូវការនេះនៅក្នុងទូរសព្ទរបស់អ្នក ហើយប្រើវា រាល់ពេលដែលអ្នកមិនច្បាស់អំពីការខលណាមួយ។

សូមប្រុងប្រយ័ត្ន
ជៀសវាងឥណទាន និងការវិនិយោគក្លែងក្លាយ
ជនឆបោកខ្លះអាចបង្កើតទំព័រហ្វេសបុក ឬក្រុម Telegram ដោយប្រើនិមិត្តសញ្ញា និងឈ្មោះរបស់អ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីឲ្យមើលទៅដូចជាការពិត។
ពួកគេអាចផ្សព្វផ្សាយអំពី “ឥណទានរហ័ស” ឬ “ប្រាក់ចំណេញ 20% ដែលធានាថាគ្មានហានិភ័យ” បន្ទាប់មកស្នើឲ្យអ្នកទូទាត់ “ថ្លៃឥណទាន” ឬ “ថ្លៃដំណើរការឥណទាន” ឬការវិនិយោគប្រាក់ ទៅក្នុងគណនីផ្ទាល់ខ្លួនរបស់អ្នកដែលមានឈ្មោះដូចអ្នកផ្តល់សេវាហិរញ្ញវត្ថុ។ បន្ទាប់ពីអ្នកទូទាត់ប្រាក់ ពួកគេនឹងបាត់ខ្លួន ឬបិទការទាក់ទងជាមួយអ្នក។
របៀបការពារខ្លួន៖
សូមកុំទុកចិត្តលើការផ្តល់ឥណទាន ឬការវិនិយោគពីទំព័រហ្វេសបុក មិនផ្លូវការ ឬគណនីផ្ទាល់ខ្លួន។
សូមកុំទូទាត់ថ្លៃឥណទាន ឬថ្លៃវិនិយោគណាមួយទៅក្នុងគណនីធនាគារផ្ទាល់ខ្លួន។
សូមប្រុងប្រយ័ត្នចំពោះការផ្តល់ជូនណាមួយដែលសន្យាផ្ដល់ប្រាក់ចំណេញខ្ពស់ដោយ “គ្មានហានិភ័យ” ព្រោះជាទូទៅវាគឺជាការឆបោកប៉ុណ្ណោះ។

សូមប្រុងប្រយ័ត្ន
សូមពិនិត្យតំណភ្ជាប់ និងកូដ QR មុនពេលទូទាត់ប្រាក់
នៅពេលអ្នកទិញទំនិញតាមប្រព័ន្ធអ៊ីនធើណិត អ្នកលក់អាចផ្ញើតំណរភ្ជាប់សម្រាប់ទូទាត់ប្រាក់ ឬ កូដ QR ដែលមើលទៅធម្មតា ប៉ុន្តែវាអាចនាំអ្នកទៅកាន់គេហទំព័រក្លែងក្លាយ ដែលលួចព័ត៌មានកាតរបស់អ្នក ឬផ្ទេរប្រាក់របស់អ្នកទៅកាន់គណនីផ្ទាល់ខ្លួនរបស់ពួកគេ ដែលមិនពាក់ព័ន្ធនឹងហាងណាពិតប្រាកដមួយឡើយ។
របៀបការពារខ្លួន៖
មុនពេលទូទាត់ប្រាក់តាមតំណភ្ជាប់ ឬកូដ QR សូមបញ្ជាក់
អត្តសញ្ញាណអ្នកលក់ និងពិនិត្យឈ្មោះគណនីឲ្យបានប្រុងប្រយ័ត្ន។
សូមផ្ទៀងផ្ទាត់ឈ្មោះអ្នកលក់តាមរយៈគេហទំព័រផ្លូការ វេបសាយ
ឬលេខទូរសព្ទផ្លូវការ មិនមែនតាមសារតែប៉ុណ្ណោះទេ។
ប្រសិនបើមានអ្វីមួយមើលទៅមិនប្រក្រតី សូមបញ្ឈប់ការទូទាត់ប្រាក់ ហើយជ្រើសរើសវិធីទូទាត់ប្រាក់ផ្សេងទៀតដែលមានសុវត្ថិភាព។
ប្រសិនបើអ្នកសង្កេតឃើញអ្វីមួយមិនប្រក្រតីនៅលើគណនីរបស់អ្នក ឬប្រសិនបើអ្នកគិតថាអ្នកបានចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយជនឆបោក សូមទូរសព្ទមកយើងខ្ញុំតាមរយៈលេខ
1 800 20 1234 (ឥតគិតថ្លៃ, 24/7)
or
ឬទាក់ទងប្រធានផ្នែកទំនាក់ទំនងរបស់អ្នក។
