សាលប្រជុំការិយាល័យកណ្តាលរបស់ធនាគារ ប្រេដ ខេមបូឌា ជាកន្លែងសម្រាប់ការធ្វើបទបង្ហាញគួរឲ្យចាប់អារម្មណ៍អំពីសក្តានុពល (និងហានិភ័យ) នៃពិភពរូបិយប័ណ្ណអេឡិចត្រូនិច និងការវិនិយោគលើបច្ចេកវិទ្យា Blockchain ដែលកំពុងមានការរីកចម្រើនជាបន្ដបន្ទាប់។
កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី 1 ខែ សីហា ឆ្នាំ 2024 និងរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលបានប្រមូលផ្តុំនូវក្រុមវាគ្មិនដែលបានថ្លែងសន្ទរកថាក្នុងឱកាសនេះរួមមានលោក Nicolas Hollanders នាយកប្រតិបត្តិរបស់ធនាគារ ប្រេដ ខេមបូឌា។
ក្នុងនោះដែរក៏មានវត្តមានរបស់លោក Tomas Pokorny ប្រធានគណៈកម្មាធិការផ្នែកឌីជីថល និងបច្ចេកវិទ្យារបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដោយលោកបានសម្របសម្រួល និងមានប្រសាសន៍ពីប្រធានបទនៃការយល់ដឹងដ៏ទូលំទូលាយអំពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើនទៅកាន់អ្នកចំណូលថ្មី និងអ្នកជំនាញក្នុងកិច្ចពិភាក្សាជាក្រុមផងដែរ។
លោក Nicolas Hollanders បាននិយាយថា “រូបិយប័ណ្ណអេឡិចត្រូនិច និងការប្រើប្រាស់បច្ចេកវិទ្យា blockchain ជាការវិវឌ្ឍន៍ដ៏សំខាន់នៅក្នុងហិរញ្ញវត្ថុជាសកល ហើយយើងទាំងអស់គ្នាពិតជាចាំបាច់ក្នុងការយល់ដឹងពីឱកាស និងហានិភ័យរបស់បច្ចេកវិទ្យាទាំងនេះ។” លោកបានបន្តទៀតថា “យើងខ្ញុំពិតជាមានសោមនស្សរីករាយដែលបានរៀបចំកម្មវិធីដ៏សំខាន់នេះ និងបានចែករំលែកផ្នត់គំនិតរបស់យើងខ្ញុំលើផ្នែកហិរញ្ញវត្ថុសម័យទំនើបដ៏គួរឲ្យចាប់អារម្មណ៍នេះ។”