ក្រុមហ៊ុន BRED Group បានតែងតាំងលោក Jean-Paul Julia ជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនស្របពេលលោក Olivier Klein បានចូលនិវត្តន៍ ដោយភាពជាអ្នកដឹកនាំរបស់គាត់បានជួយផ្លាស់ប្តូរក្រុមធនាគាររបស់ប្រទេសបារាំងក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ។
លោក Julia បានចូលបម្រើការនៅក្រុមហ៊ុន BRED Group (ដែលជាប្រធានធនាគារ ប្រេដ ខេមបូឌា និងធនាគារ BRED Banque Populaire) នៅឆ្នាំ 2015 ដែលគាត់ជានាយកផ្នែកទំនាក់ទំនងពាណិជ្ជកម្ម ហើយថ្មីៗនេះ គាត់បានបម្រើការក្នុងតួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុន Banque Populaire Bourgogne Franche-Comté។ មុនពេលចូលបម្រើការជាមួយក្រុមហ៊ុន ប្រេដ លោក Julia បានបម្រើការនៅក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងឧស្សាហកម្មនៃប្រទេសបារាំង ដែលអាជីពរបស់គាត់ទទួលបានជោគជ័យលើតួនាទីជាច្រើននៅអគ្គនាយកដ្ឋានរតនាគារ គណៈកម្មាធិការអន្តរក្រសួងសម្រាប់ការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មអន្តរជាតិ មូលនិធិរូបិយវត្ថុ ធនាគារពិភពលោក និងការិយាល័យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងគណនីសាធារណៈ។
លោកបានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយ និងមានមោទនភាពក្នុងការចូលបម្រើការនៅក្រុមហ៊ុន ប្រេដ ហើយក៏មានកិត្តិយសដែលក្រុមប្រឹក្សាភិបាលបានទុកចិត្តមកលើខ្ញុំ។” លោកបានបន្តថា “គាត់បានប្តេជ្ញាចិត្តខ្លួនឯងថានឹងពង្រីកទំនាក់ទំនងដ៏ពិសេសរបស់ក្រុមហ៊ុន ប្រេដ មិនថាក្នុងប្រទេស និងក្រៅប្រទេស។ “ខ្ញុំនឹងខិតខំបន្តអភិវឌ្ឍក្រុមហ៊ុន BRED Group រួមទាំងតំបន់នីមួយៗរបស់ខ្លួន ទាំងក្នុងប្រទេសបារាំង និងអន្តរជាតិ។”
ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាភិបាលរបស់គ្រុប បានសរសើរអតីតនាយកប្រតិបត្តិ លោក Olivier Klein ចំពោះភាពជាអ្នកដឹកនាំរបស់គាត់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ប្រធានក្រុមប្រឹក្សាភិបាលរបស់ ប្រេដ លោក Isabelle Gratiant បាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណចំពោះការងារដ៏អស្ចារ្យដែលបានសម្រេចដោយលោក Olivier Klein ក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ” ។ លោកបន្តថា “ថាមពលរបស់គាត់បានជំរុញគំរូធនាគារក្នុងស្រុករបស់យើងឲ្យឆ្ពោះទៅមុខ ដែលប្រកបដោយគុណសម្បត្តិទាំងអស់សម្រាប់បម្រើអតិថិជនរបស់ពួកយើងយ៉ាងពេញលេញ។”
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិធនាគារ ប្រេដ ខេមបូឌា លោក Nicolas Hollanders បានស្វាគមន៍ដំណឹងនៃការតែងតាំងលោក Julia ។ គាត់បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានដឹងថាលោក Jean-Paul Julia ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន BRED Group ហើយយើងទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការសហការជាមួយគាត់ដើម្បីលើកកម្ពស់វិធីសាស្រ្តតែមួយរបស់ក្រុមហ៊ុន ប្រេដ លើវិស័យធនាគារ។” លោកបន្តថា “ខ្ញុំក៏ចង់ផ្ញើពាក្យជូនពររបស់ពួកយើងទៅកាន់លោក Olivier Klein ក្នុងការចូលនិវត្តន៍របស់គាត់។ គាត់បានមកសួរសុខទុក្ខពួកយើងកាលពីខែធ្នូឆ្នាំមុន ហើយវានឹងត្រូវបានចាត់ទុកជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ក្រុមការងារនៅទីនេះដោយសារតួនាទីដ៏សំខាន់របស់គាត់នៅក្នុងប្រវត្តិសាស្រ្តរបស់ធនាគារពួកយើង។“