នាយកប្រតិបត្តិរងនៃធនាគារ ប្រេដ ខេមបូឌា លោក Jean Bourrelly ថ្មីៗនេះបានមានប្រសាសន៍នៅក្នុងកម្មវិធីមួយដែល រៀបចំដោយមណ្ឌលសិក្សាបច្ចេកទេសធនាគាររបស់ធនាគារជាតិនៃកម្ពុជា។ ព្រឹត្តិការណ៍នេះដែរមានការចូលរួមពីបុគ្គលិកធនាគារជាតិនៃកម្ពុជា សាស្ដ្រាចារ្យ និងសិស្សានុសិស្ស ដែលបានលើកឡើងពី សារៈសំខាន់នៃឧបករណ៍និស្សន្ទហិរញ្ញវត្ថុដោយផ្តោតលើប្រតិបត្តិការអត្រាប្តូរប្រាក់រូបិយប័ណ្ណអន្តរជាតិ។
លោក Bourrelly បានមានប្រសាសន៍ទៅកាន់អ្នកចូលរួមថា “ឧបករណ៍និស្សន្ទហិរញ្ញវត្ថុគឺជាឧបករណ៍ដែលមានលក្ខណៈស្មុគស្មាញដោយភ្ជាប់ជាមួយ សូចនាករ (ដូចជា សន្ទស្សន៍ ឬអត្រាការប្រាក់) ឬជាមួយខុម៉ូឌីធី។ “ឧបករណ៍ទាំងនេះផ្តល់លទ្ធភាពក្នុងការជួញដូរនៃហានិភ័យហិរញ្ញវត្ថុនៅក្នុងទីផ្សារហិរញ្ញវត្ថុ។”
លោក Bourrelly បានលើកឡើងពីការប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុផ្សេងៗគ្នា រួមមានការគ្រប់គ្រងហានិភ័យ ការការពារហានិភ័យ អាប៊ីត្រាច និងការវិនិយោគរំពឹងចំណេញ ហើយលោកក៏បានពន្យល់ពីរបៀបអនុវត្តនៅក្នុងទីផ្សារផងដែរ។
លោកក៏បានពន្យល់ពីប្រភេទឧបករណ៍និស្សន្ទផ្សេងៗជាច្រើន រួមមាន កិច្ចសន្យាស្វប អប់ហ្សិន ព្រមទាំងរៀបរាប់ពីគោលបំណង និងហានិភ័យជាច្រើនដែលទាក់ទងនឹងការប្រើប្រាស់ឧបករណ៍និស្សន្ទទៅកាន់អ្នកចូលរួម។
លោក Bourrelly បានមានប្រសាសន៍ផងដែរថា “ខ្ញុំពិតជាមានកិត្តិយសដែលបានធ្វើបទឧទ្ទេសនាមនៅក្នុងកម្មវិធីនេះ”។ លោកបានបន្ដទៀតថា “ក្នុងនាមពួកយើងជាផ្នែកមួយនៃក្រុមសម្ពន្ធធនាគារលំដាប់ពិភពលោក ពួកយើងមានបទពិសោធក្នុងការធ្វើការជាមួយ ឧបករណ៍និស្សន្ទហិរញ្ញវត្ថុជាច្រើនប្រភេទ។ ទាំងនេះដែរគឺជាផ្នែកមួយដ៏សំខាន់នៃទីផ្សារហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយវានឹងដើរតួនាទីកាន់តែសំខាន់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ យើងខ្ញុំពិតជាមានភាពសប្បាយរីករាយក្នុងចែករំលែកចំណេះដឹង និងការយល់ដឹងនេះទៅកាន់អ្នកចូលរួមដ៏មានកិត្យានុភាពទាំងឡាយ”។